1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
2 ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់!ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នាពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
3 ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមកព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។
4 ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទាហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយដូចក្រមួនរលាយនៅមុខភ្លើងឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
5 ហេតុការណ៍ទាំងនេះកើតមានព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុបនិងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។តើនរណានាំឲ្យកូនចៅរបស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត?គឺក្រុងសាម៉ារី!តើនរណានាំឲ្យយូដាគោរពព្រះក្លែងក្លាយនៅតាមទីខ្ពស់?គឺក្រុងយេរូសាឡឹម!
6 យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋជាចម្ការមួយដែលគេដាំទំពាំងបាយជូរយើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះទម្លាក់ទៅក្នុងជ្រោះហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។
7 រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែកគ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយកមកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។យើងនឹងកម្ទេចព្រះក្លែងក្លាយទាំងអស់រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃស្រីពេស្យា។
8 ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេងខ្ញុំដើរជើងទទេ និងខ្លួនទទេខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
9 ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេដំបៅនេះស៊ីរហូតដល់ស្រុកយូដានិងដល់ទ្វារក្រុងយេរូសាឡឹមជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។
10 កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយហើយក៏កុំបង្ហូរទឹកភ្នែកដែរ។កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រាឲ្យសោះ។
11 អ្នកស្រុកសាភៀរអើយចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ!អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។អ្នកក្រុងបេត-អេតសែលនាំគ្នាកាន់ទុក្ខពួកគេមិនអាចធ្វើជាបង្អែករបស់អ្នករាល់គ្នាបានទេ។
12 អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គលដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះមកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
13 អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ!អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូនឲ្យប្រព្រឹត្តអំពើបាបដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែលចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។
14 ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពីប្រជាជននៅក្រុងម៉ូរ៉ាស៊ីត-កាថ។ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញគេនឹងធ្វើឲ្យស្ដេចស្រុកអ៊ីស្រាអែលខកចិត្ត។
15 អ្នកស្រុកម៉ារីសាអើយព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នកមេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែលនឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។
16 អ្នកក្រុងយេរូសាឡឹមអើយចូរកោរសក់ យំសោកស្រណោះកូនប្រុសៗដ៏ជាទីស្រឡាញ់របស់អ្នកចូរទុកក្បាលឲ្យនៅត្រងោលដូចក្បាលត្មាតដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយកទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។