1 ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះជាម្ចាស់!ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់!ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមកថ្ងៃនោះនៅជិតបង្កើយ។
2 ថ្ងៃនោះជាថ្ងៃងងឹតអន្ធការជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ហ្វូងកណ្ដូបដ៏ច្រើនលើសលប់ប្រៀបបាននឹងកងទ័ពខ្លាំងពូកែកំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះចាំងមកលើភ្នំ។តាំងពីដើមមកមិនដែលមានដូច្នេះទេហើយនៅពេលខាងមុខ រហូតតរៀងទៅក៏មិនមានទៀតដែរ។
3 នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះនៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែលឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែនលុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជាវាលរហោស្ថានដ៏ហួតហែងគឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
4 ពួកវាប្រៀបបីដូចជាទ័ពសេះពួកវាបោលទៅមុខដូចកងពលសេះ
5 សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំងដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែតំរៀបគ្នាចូលប្រយុទ្ធ។
6 ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវាមនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។
7 ពួកវារត់ទៅមុខដូចទាហានដ៏អង់អាចពួកវាឡើងកំពែងដូចអ្នកចំបាំងដ៏ពូកែម្នាក់ៗសម្រុកទៅមុខដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
8 គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេគឺម្នាក់ៗសម្រុកទៅមុខយ៉ាងត្រង់ពួកវាលោតឆ្លងឧបសគ្គទាំងឡាយដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។
9 ពួកវាសម្រុកចូលទៅក្នុងទីក្រុងរត់នៅលើកំពែងក្រុងឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានាដូចចោរចូលលួច។
10 ផែនដីញ័រនៅមុខពួកវាផ្ទៃមេឃក៏កក្រើករំពើកព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មីហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
11 ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គដែលមានចំនួនច្រើនលើសលប់ និងខ្លាំងពូកែ។ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមានិងគួរឲ្យស្ញែងខ្លាចគ្មាននរណាអាចទ្រាំទ្របានឡើយ។
12 «ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយស្មោះអស់ពីចិត្តចូរតមអាហារ យំសោក ហើយកាន់ទុក្ខ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
13 ចូរកែប្រែចិត្តគំនិតកុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ!ចូរវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាវិញដ្បិតព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គមានព្រះហឫទ័យអាណិតអាសូរព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ពោរពេញដោយព្រះហឫទ័យមេត្តាករុណាព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។
14 ដូច្នេះ ប្រហែលជាព្រះអង្គលែងដាក់ទោសអ្នករាល់គ្នាហើយប្រទានពរដល់អ្នករាល់គ្នាវិញគឺអ្នករាល់គ្នានឹងមានម្សៅស្រាទំពាំងបាយជូរ និងប្រេងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
15 ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក!
16 ចូរហៅប្រជាជនមកជួបជុំគ្នាជាអង្គប្រជុំដ៏វិសុទ្ធចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នាចូរប្រមូលផ្ដុំកូនក្មេងសូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ!ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់!
17 ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារនិងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង!សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់នោះឡើយ។សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយពោលថា “តើព្រះរបស់ពួកគេនៅឯណា”?
18 ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុករបស់ព្រះអង្គខ្លាំងណាស់ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។
19 ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេព្រះអង្គមានព្រះបន្ទូលមកពួកគេថា:«មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មីនិងប្រេងឲ្យអ្នករាល់គ្នាអ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរយើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
20 យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុកខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នាយើងនឹងកំចាត់ពួកគេឲ្យទៅនៅវាលរហោស្ថានដ៏ស្ងួតហួតហែង។យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខទៅក្នុងសមុទ្រខាងកើតហើយជួរទ័ពដែលនៅខាងក្រោយទៅក្នុងសមុទ្រខាងលិច។សាកសពរបស់ពួកគេនឹងចោលក្លិនអសោចក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
21 ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វីចូរត្រេកអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត!
22 សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វីដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញដើមឈើនឹងមានផ្លែហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរក៏បង្កើតភោគផលឡើងវិញដែរ។
23 អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយចូរអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ!ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នាតាំងពីដើមរដូវរហូតដល់ចុងរដូវដូចកាលពីមុនដែរ។
24 លានបោកស្រូវនឹងមានពោរពេញដោយស្រូវឡើងវិញហើយពាងក៏មានស្រាទំពាំងបាយជូរថ្មីនិងប្រេង ពេញហូរហៀរឡើងវិញដែរ។
25 រីឯភោគផលរបស់អ្នករាល់គ្នាខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលយើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រាដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិនយើងនឹងសងអ្នករាល់គ្នាវិញ។
26 អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងឆ្អែតបរិបូណ៌រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាព្រោះព្រះអង្គបានធ្វើការអស្ចារ្យសម្រាប់អ្នករាល់គ្នា។ពេលនោះ ប្រជារាស្ត្ររបស់យើងនឹងលែងអាម៉ាស់មុខទៀតហើយ។
27 អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេពេលនោះ ប្រជាជនរបស់យើងនឹងលែងអាម៉ាស់ទៀតហើយ។
28 ព្រះអម្ចាស់មានព្រះបន្ទូលថា:ក្រោយមកទៀតយើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើងមកលើមនុស្សលោកទាំងអស់។កូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងព្រះបន្ទូលពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្តហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
29 ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រីក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើងទៅលើពួកគេដែរ។
30 យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ និងនៅលើផែនដីគឺមានឈាម មានភ្លើង និងកំសួលផ្សែង។
31 ពេលថ្ងៃរបស់ព្រះអម្ចាស់មកដល់គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាចព្រះអាទិត្យនឹងប្រែទៅជាងងឹត បាត់រស្មីព្រះច័ន្ទនឹងប្រែទៅជាឈាម។
32 ពេលនោះ អ្នកណាអង្វររកព្រះនាម ព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមអ្នកខ្លះនឹងគេចផុតពីមហន្តរាយដូចព្រះអម្ចាស់បានសន្យាទុក។អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅនឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។