យ៉ូអែល 1 KHSV

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេធូ‌អែល។

សត្វ​កណ្ដូប​ស៊ី​បង្ហិន​ភោគ‌ផល

2 ពួក​ព្រឹទ្ធា‌ចារ្យ​អើយ ចូរ​ស្ដាប់!អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!តើ​ហេតុ‌ការណ៍​នេះ​ធ្លាប់​កើត​មាននៅ​ជំនាន់​អ្នក​រាល់​គ្នាឬ​នៅ​ជំនាន់​ដូនតា​របស់​អ្នក​រាល់​គ្នា?

3 ចូរ​រៀប​រាប់​ហេតុ‌ការណ៍​នេះប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នាហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នារៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួនរួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្តទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។

4 អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់នោះ​មាន​កណ្ដូប​ស៊ី​បង្ហិនអ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់នោះ​មាន​ចង្រិត​ស៊ី​បង្ហិនហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់នោះ​មាន​ក្រា​ស៊ី​បង្ហិន។

5 មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើងហើយ​នាំ​គ្នា​យំ​សោក!អស់​អ្នក​ចំណូល​ស្រា​អើយចូរ​សោក​សង្រេង​ទៅ!អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។

6 មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយមក​ប្រហារ​ស្រុក​របស់​យើងពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនាមាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោលនិង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

7 ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើងពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើងពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។

8 ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។

9 គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរមក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។

10 ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរគ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មីហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។

11 អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្តអ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេងព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។

12 ដើម​ទំពាំង‌បាយជូរ​ស្វិត​អស់ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុតព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការក៏​ងាប់​អស់​ដែរធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់​បង់​អំណរ​សប្បាយ។

13 ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវហើយ​កាន់​ទុក្ខ​ទៅ!អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខ‌ងារ​បម្រើ​អាសនៈចូរ​សោក​សង្រេង​ទៅ!អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរមក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នានៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។

14 ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជននៅ​ក្នុង​ស្រុក​ទាំង​មូលឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នាហើយ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយ​ទៅ!

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ!ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយគឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតយាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។

16 ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ពី​មុខ​ពួក​យើងហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើងក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយទៀត​ដែរ។

17 គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់ជង្រុក​ស្រូវ​នៅ​ទទេឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។

18 ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែងព្រោះ​គ្មាន​ស្មៅ​ស៊ីសូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។

19 ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គដ្បិត​ភ្លើង​ឆេះ​កម្ទេច​វាល​ស្មៅអណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាននៅ​តាម​ចម្ការ។

20 សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌អង្គ​ដែរដ្បិត​ប្រភព​ទឹក​ទាំង‌ឡាយ​រីង​ស្ងួត​អស់ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ដែរ។

ជំពូក

1 2 3