1 អ៊ីស្រាអែលអើយ!ចូរវិលត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
2 ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញដោយរៀបចំពាក្យសម្ដី ហើយទូលព្រះអង្គថា:សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំសូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំទុកជាយញ្ញបូជាជំនួសគោបា។
3 ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេយើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរយើងខ្ញុំលែងហៅរូបព្រះដែលជាស្នាដៃរបស់យើងខ្ញុំថាជា“ព្រះរបស់យើងខ្ញុំ” ទៀតហើយ។មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យអាណិតអាសូរដល់ជនកំព្រា។
4 «យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេឲ្យបានជាសះស្បើយគឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្តដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
5 យើងនឹងឲ្យពរដល់ប្រជាជនអ៊ីស្រាអែលដូចទឹកសន្សើមធ្លាក់ចុះមកពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូពួកគេនឹងចាក់ឫសដូចដើមឈើនៅស្រុកលីបង់។
6 ពួកគេបែកមែកសាខា ល្អដូចដើមអូលីវនិងមានគន្ធពិដោរក្រអូបដូចព្រៃនៅស្រុកលីបង់។
7 អស់អ្នកដែលធ្លាប់ជ្រកនៅក្រោមម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មីពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរហើយមានឈ្មោះល្បីល្បាញដូចស្រានៅស្រុកលីបង់។
8 អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើងទៅនឹងព្រះក្លែងក្លាយហើយឬនៅ?គឺយើងនេះហើយដែលឆ្លើយតបនិងមើលថែរក្សាអ្នក។យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចីយើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។
9 តើនរណាមានប្រាជ្ញាវាងវៃអាចពិចារណា យល់សេចក្ដីទាំងនេះបាន?មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះរីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួលព្រោះតែមាគ៌ានេះជាមិនខាន។