1 ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗ ហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។
2 ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។
3 នៅថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិនម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជាងងឹតភ្នែក។
4 ជីវិតរបស់អ្នកនឹងរសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទ ដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅវិញ និងដូចសំឡេងស្ត្រីចម្រៀងទាំងអស់ចុះខ្សោយ។
5 ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។
6 ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាសបែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។