សាស្ដា 1 KHSV

អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ

1 នេះ​ជា​ពាក្យ​របស់​សាស្ដា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ‌មហា‌ក្សត្រ​នៅ​ក្រុង​យេរូ‌សាឡឹម។

2 សាស្ដា​បាន​ថ្លែង​ថា: អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ ឥត​ខ្លឹមសារ និង​ឥត​បាន​ការ។

3 មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​នៅ​លើ​ផែនដី តើ​បាន​ប្រយោជន៍​អ្វី?

4 មនុស្ស​មួយ​ជំនាន់​ចាក​ចេញ​ពី​លោក​នេះ​ទៅ មនុស្ស​មួយ​ជំនាន់​ទៀត​ចូល​មក ហើយ​ផែនដី​នៅ​ស្ថិត‌ស្ថេរ​ដដែល។

5 ព្រះ‌អាទិត្យ​រះ​ឡើង រួច​លិច​ទៅ​វិញ ហើយ​ប្រញាប់​វិល​ត្រឡប់​ទៅ​កន្លែង​ដែល​ត្រូវ​រះ​សា​ជា​ថ្មី។

6 ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​ជើង វិល​ទៅ​វិល​មក បក់​តាម​ទិស​របស់​ខ្លួន​វិញ។

7 ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​វិល​ទៅ​ហូរ​តាម​ផ្លូវ​របស់​វា​វិញ​ដែរ។

8 អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ច្រំ‌ដែលៗ រហូត​ដល់​មនុស្ស​រក​ពាក្យ​មក​ថ្លែង​ពុំ​បាន។ ភ្នែក​សម្លឹង​មើល តែ​មិន​ចេះ​ស្កប់ ត្រចៀក​ត្រង‌ត្រាប់​ស្ដាប់ តែ​មិន​ចេះ​ធុញ‌ទ្រាន់។

9 ហេតុ‌ការណ៍​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក៏​នឹង​មាន​នៅ​ពេល​ខាង​មុខ ការ​អ្វីៗ​ដែល​គេ​ធ្វើ​ពី​មុន គេ​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ដែរ គឺ​នៅ​លើ​ផែនដី គ្មាន​ការ​អ្វី​ថ្មី​សោះ​ឡើយ។

10 ប្រសិន​បើ​គេ​ពោល​អំពី​ហេតុ‌ការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុ‌ការណ៍​ថ្មី» តោង​ដឹង​ថា​ហេតុ‌ការណ៍​នោះ​ធ្លាប់​កើត​មាន តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។

11 គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។

បទ​ពិសោធ​របស់​សាស្ដា

12 ខ្ញុំ​សាស្ដា ខ្ញុំ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម។

13 ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះគិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។

14 ខ្ញុំ​បាន​ឃើញ​ថា​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

15 អ្វីៗ​ដែល​កោង ពុំ​អាច​បត់​ឲ្យ​ត្រង់​វិញ​បាន​ឡើយ ហើយ​អ្វីៗ​ដែល​ខ្វះ​ក៏​ពុំ​អាច​រាប់​បាន​ដែរ។

16 ខ្ញុំ​រិះគិត​ថា: ខ្ញុំ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើងៗ លើស​ស្ដេច​ឯ​ទៀតៗ ដែល​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​មាន​បទ​ពិសោធ​ជា​ច្រើន​អំពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង។

17 ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ

18 ដ្បិត​មាន​ប្រាជ្ញា​ច្រើន មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12