1 រុយងាប់ធ្វើឲ្យខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។
2 ចិត្តរបស់មនុស្សមានប្រាជ្ញាលំអៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងីល្ងើវិញ លំអៀងទៅរកអ្វីៗដែលខុសឆ្គង។
3 ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញឲ្យមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។
4 ប្រសិនបើចៅហ្វាយនាយរបស់អ្នកខឹងនឹងអ្នក កុំបោះបង់ចោលមុខងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្តអាចចៀសវាងកំហុសដ៏ធ្ងន់។
5 ខ្ញុំឃើញការអាក្រក់មួយទៀតនៅលើផែនដី គឺមេដឹកនាំក៏អាចភ្លាត់ដែរ។
6 ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។
7 ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេ ដូចទាសករទៅវិញ។
8 អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទំលុះជញ្ជាំង រមែងត្រូវពស់ចឹក។
9 អ្នកគាស់ថ្មរមែងត្រូវរបួស ហើយអ្នកពុសអុសក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដែរ។
10 ប្រសិនបើមិនសំលៀងពូថៅដែលមានមុខរឹលទេ នោះត្រូវប្រើកម្លាំងជាច្រើន។ រីឯប្រាជ្ញាវិញតែងតែនាំឲ្យសម្រេចជោគជ័យ។
11 ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?
12 ពាក្យសម្ដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។
13 មុនដំបូងពាក្យសម្ដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុត ក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។
14 មនុស្សល្ងីល្ងើរមែងនិយាយមិនចេះចប់មិនចេះហើយ។ មនុស្សមិនអាចស្គាល់ពីអ្វីៗដែលនឹងកើតមានទេ ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងអំពីហេតុការណ៍ដែលកើតមានក្រោយពេលគេស្លាប់ដែរ។
15 កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលឲ្យខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។
16 ស្រុកណាមានកូនក្មេងសោយរាជ្យ ហើយមានពួកមន្ត្រីគិតតែពីស៊ីផឹកតាំងពីព្រលឹម ស្រុកនោះមុខជាវេទនាពុំខាន!
17 រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគឲ្យមានកម្លាំង មិនមែនឲ្យស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។
18 មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។
19 គេតែងតែបរិភោគ ដើម្បីលំហែកាយ រីឯស្រារមែងធ្វើឲ្យជីវិតបានសប្បាយ ហើយប្រាក់ធ្វើឲ្យបំណងទាំងអស់បានសម្រេច។
20 កុំដាក់បណ្ដាសាស្ដេចឲ្យសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានឲ្យសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃ នឹងនាំយកពាក្យសម្ដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។