សាស្ដា 2:19-25 KHSV

19 មួយ​វិញ​ទៀត គ្មាន​នរណា​ដឹង​ថា ស្ដេច​ថ្មី​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​មនុស្ស​លេលា​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​លើ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ខំ​ប្រឹង‌ប្រែង​ធ្វើ ដោយ​ប្រាជ្ញា​របស់​ខ្ញុំ នៅ​លើ​ផែនដី។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។

20 គិត​ដូច្នេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង‌ប្រែង​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ធ្វើ​នៅ​លើ​ផែនដី​នេះ។

21 មនុស្ស​ម្នាក់​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ការ​ស្ទាត់​ជំនាញ​តែ​បែរ​ជា​ទុក​អ្វីៗ​ដែល​ខ្លួន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ពុំ​បាន​ខំ​ប្រឹង‌ប្រែង​ទាល់​តែ​សោះ។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​ជា​ការ​មួយ​ដ៏​អាក្រក់​បំផុត។

22 អ្នក​ដែល​ខំ​ប្រឹង‌ប្រែង ខ្វល់​ខ្វាយ​ធ្វើ​ការ​នៅ​លើ​ផែនដី ដើម្បី​សម្រេច​តាម​គោល​បំណង​របស់​ខ្លួន​បែប​នេះ តើ​បាន​ប្រយោជន៍​អ្វី?

23 ដ្បិត​រៀង​រាល់​ថ្ងៃ មាន​តែ​ទុក្ខ​កង្វល់ និង​ទុក្ខ​ព្រួយ សូម្បី​តែ​ពេល​យប់ ចិត្ត​របស់​គេ​ក៏​មិន​ស្ងប់។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។

24 ដូច្នេះ សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត ខ្ញុំ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ប្រទាន​ឲ្យ។

25 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ គ្មាន​នរណា​ម្នាក់​អាច​បរិភោគ ឬ​សប្បាយ​ចិត្ត​បាន​ឡើយ