សាស្ដា 2:3-9 KHSV

3 ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។

4 ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ជា​ច្រើន គឺ​ខ្ញុំ​សង់​ដំណាក់​ផ្សេងៗ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​ទុក​សម្រាប់​ខ្លួន​ឯង

5 ខ្ញុំ​ធ្វើ​សួន​ច្បារ និង​សួន​ឧទ្យាន ហើយ​ខ្ញុំ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ។

6 ខ្ញុំ​បាន​ជីក​ស្រះ​យក​ទឹក​ស្រោច​ស្រព​ព្រៃ ដែល​មាន​កូន​ឈើ​ដុះ​ដេរ‌ដាស។

7 ខ្ញុំ​បាន​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។

8 ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចម្រៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។

9 ខ្ញុំ​ទទួល​ឋានៈ​ដ៏​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​លើស​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ប៉ុន្តែ ប្រាជ្ញា​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ដដែល។