សាស្ដា 3 KHSV

អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ពេល​កំណត់

1 អ្វីៗ​ដែល​មាន​នៅ​ផែនដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។

2 មាន​ពេល​កើត មាន​ពេល​ស្លាប់មាន​ពេល​ដាំ មាន​ពេល​ដក។

3 មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួសមាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។

4 មាន​ពេល​យំ មាន​ពេល​សើចមាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។

5 មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្មមាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។

6 មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។

7 មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញមាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។

8 មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។

9 តើ​អ្នក​ដែល​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​លំបាក​បាន​ទទួល​ផល​អ្វី​ខ្លះ?

10 ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ការ‌ងារ​យ៉ាង​នឿយ‌ហត់​ឲ្យ​មនុស្ស​លោក​ធ្វើ។

11 អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ដែរ។

12 ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។

13 ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។

14 ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

15 អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។

ចុង​បញ្ចប់ គឺ​សេចក្ដី​ស្លាប់

16 នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​ទៀត គឺ​កន្លែង​ដែល​ត្រូវ​មាន​យុត្តិធម៌ បែរ​ជា​មាន​អំពើ​អាក្រក់ ហើយ​កន្លែង​ដែល​ត្រូវ​មាន​អំពើ​សុចរិត ក៏​មាន​អំពើ​អាក្រក់​ដែរ។

17 ខ្ញុំ​បាន​រិះគិត​ក្នុង​ចិត្ត​ថា: ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សម្រាប់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​មាន​ពេល​វិនិច្ឆ័យ​គ្រប់​អំពើ​ដែល​មនុស្ស​ប្រព្រឹត្ត​ដែរ។

18 ខ្ញុំ​រិះគិត​អំពី​មនុស្ស​លោក គឺ​ព្រះ‌ជាម្ចាស់​នឹង​ល្បង‌ល​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ឡើយ

19 ដ្បិត​ចុង​បញ្ចប់​របស់​មនុស្ស និង​ចុង​បញ្ចប់​របស់​សត្វ មិន​ខុស​គ្នា​ទេ។ ទាំង​មនុស្ស ទាំង​សត្វ មាន​ដង្ហើម​ដូច​គ្នា ហើយ​គេ​ក៏​ស្លាប់​ដូច​គ្នា​ដែរ។ មនុស្ស​លោក​គ្មាន​អ្វី​ប្រសើរ​ជាង​សត្វ​ទេ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ។

20 សត្វ​លោក​ទាំង​អស់​បោះ​ជំហាន​ទៅ​រក​ទិស‌ដៅ​តែ​មួយ។ សត្វ​លោក​ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

21 តើ​នរណា​អាច​អះ‌អាង​ថា វិញ្ញាណ‌ក្ខ័ន្ធរបស់​មនុស្ស​ឡើង​ទៅ​លើ​មេឃ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្រោម​ដី?

22 ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​សប្បាយ​រីក‌រាយ ចំពោះ​កិច្ចការ​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ព្រោះ​ជា​រង្វាន់​មួយ​សម្រាប់​គេ។ គ្មាន​នរណា​ម្នាក់​អាច​នាំ​គេ​ឲ្យ​មក​មើល​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន ក្រោយ​ពេល​ដែល​ខ្លួន​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12