សាស្ដា 9:1-4 KHSV

1 ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ចការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​មាន​ចិត្ត​ស្រឡាញ់ ឬ​មាន​ចិត្ត​ស្អប់​បាន​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា

2 ពួក​គេ​ត្រូវ​រង​នូវ​វាសនា​តែ​មួយ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​បរិសុទ្ធ និង​មនុស្ស​មិន​បរិសុទ្ធ ទាំង​អ្នក​ថ្វាយ​យញ្ញ‌បូជា និង​អ្នក​មិន​ថ្វាយ។ រីឯ​អ្នក​ដែល​មាន​ចិត្ត​ល្អ និង​មនុស្ស​បាប អ្នក​ស្បថ និង​អ្នក​មិន​ហ៊ាន​ស្បថ ក៏​មិន​ខុស​គ្នា​ដែរ។

3 អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។

4 ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។