1 ពាក្យអធិស្ឋានរបស់លោកហាបាគូក ស្មូត្រជាទំនុកសោកសង្រេង:
2 ឱព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្ដីដែលគេថ្លែងអំពីព្រះអង្គ ព្រះអម្ចាស់អើយ ទូលបង្គំកោតស្ញប់ស្ញែងស្នាព្រះហស្ដដែលព្រះអង្គបានធ្វើ។សូមសម្តែងឲ្យមនុស្សលោកស្គាល់ស្នាព្រះហស្ដទាំងនេះ តទៅមុខទៀត!ប៉ុន្តែ ពេលព្រះអង្គទ្រង់ព្រះពិរោធសូមនឹកដល់ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គផង។
3 ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ានព្រះដ៏វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ - សម្រាកភាពថ្កុំថ្កើងរបស់ព្រះអង្គចែងចាំងពាសពេញផ្ទៃមេឃហើយផែនដីទាំងមូលសរសើរតម្កើងព្រះអង្គ។
4 ព្រះអង្គប្រកបដោយពន្លឺដ៏ត្រចះត្រចង់មានកាំរស្មីចាំងចេញពីព្រះហស្ដដែលបង្កប់ទុកនូវព្រះចេស្ដារបស់ព្រះអង្គ។
5 ព្រះអង្គចាត់ជំងឺអាសន្នរោគឲ្យទៅពីមុខព្រះអង្គ។ព្រះអង្គយាងទៅទីណាជំងឺរាតត្បាតទៅតាមពីក្រោយ។
6 ពេលព្រះអង្គឈប់ ផែនដីកក្រើក។ពេលព្រះអង្គទតមើលប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចប្រេះចេញពីគ្នាភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមកជាផ្លូវដែលព្រះអង្គធ្លាប់យាងកាត់ក៏ត្រូវរលាយសូន្យអស់ដែរ។
7 ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យជម្រករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។
8 តើព្រះអម្ចាស់ខ្ញាល់នឹងទន្លេទាំងឡាយឬ?តើព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងក្លាទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ?ព្រះអង្គយាងនៅលើពពក ដូចគេជិះសេះនិងរទេះចំបាំង ទៅវាយយកជ័យជំនះ។
9 ព្រះអង្គយឹតធ្នូរបស់ព្រះអង្គព្រះបន្ទូលដ៏ម៉ឺងម៉ាត់ជាព្រួញរបស់ព្រះអង្គ។ - សម្រាកព្រះអង្គធ្វើឲ្យដីប្រេះចេញពីគ្នានិងឲ្យទឹកទន្លេផុសចេញមក។
10 ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រភ្លៀងក៏បង្អុរចុះមកដែរមហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យមានរលកធំៗ។
11 ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាចនៃលំពែងរបស់ព្រះអង្គព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
12 ព្រះអង្គយាងកាត់ផែនដី ទាំងព្រះពិរោធព្រះអង្គជាន់កម្ទេចប្រជាជាតិនានាទាំងខ្ញាល់។
13 ព្រះអង្គយាងចេញមកដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គនិងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ព្រះអង្គកម្ទេចពួកគេឲ្យវិនាសសូន្យទាំងអស់គ្នា។ - សម្រាក
14 ព្រះអង្គប្រើព្រួញរបស់ពួកគេទម្លុះក្បាលមេដឹកនាំរបស់ពួកគេនៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះមកកម្ទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
15 ព្រះអង្គត្រួសត្រាយផ្លូវឲ្យសេះរបស់ព្រះអង្គនៅក្នុងទឹកសមុទ្រដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
16 ខ្ញុំបានឮសូរសន្ធឹកនេះខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើកទន្ទឹងរង់ចាំថ្ងៃអាសន្នគឺនៅពេលដែលពួកឈ្លានពានលើកគ្នាមកប្រហារប្រជាជនរបស់យើង។
17 ដើមឧទុម្ពរលែងផ្កាទំពាំងបាយជូរលែងមានផ្លែដើមអូលីវលែងផ្ដល់ប្រេងស្រែចម្ការលែងផ្ដល់ភោគផលជាអាហារលែងមានចៀមនៅតាមវាលស្មៅហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
18 រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយហើយមានអំណរដ៏លើសលប់ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។
19 ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូសព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។