1 នេះជាព្រះបន្ទូល ដែលព្រះអម្ចាស់ថ្លែងមកកាន់លោកសេផានា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដាលា ជាចៅទួតរបស់លោកអម៉ារា និងជាចៅលួតរបស់លោកហេសេគា នៅរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន ស្ដេចស្រុកយូដា។
2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី
3 យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វយើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។យើងនឹងកម្ទេចអ្វីៗដែលនាំឲ្យមនុស្សអាក្រក់ជំពប់ដួលព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4 យើងនឹងលើកដៃប្រហារស្រុកយូដានិងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមយើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើប្រាស់សម្រាប់គោរពព្រះបាលព្រមទាំងលែងឲ្យមាននរណានឹកនាដល់ពួកអាចារ្យ និងពួកបូជាចារ្យរបស់ព្រះនោះទៀត។
5 យើងក៏កម្ទេចអស់អ្នកដែលឡើងលើផ្ទះដើម្បីថ្វាយបង្គំផ្កាយព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើងហើយស្បថក្នុងនាមយើងជាព្រះអម្ចាស់ផងស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។
6 យើងនឹងកម្ទេចអស់អ្នកដែលងាកចេញពីយើងជាព្រះអម្ចាស់ អស់អ្នកដែលមិនស្វែងរកយើងហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
7 ចូរស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។ ព្រះអម្ចាស់បានរៀបចំយញ្ញបូជាព្រះអង្គជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀងឲ្យបានបរិសុទ្ធហើយ។
8 «នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោសពួកមេដឹកនាំ និងកូនៗរបស់ស្ដេចព្រមទាំងអស់អ្នកដែលស្លៀកពាក់តាមសាសន៍ដទៃ។
9 នៅថ្ងៃនោះ យើងនឹងដាក់ទោសអស់អ្នកដែលលោតពីលើក្របទ្វារព្រះវិហារ តាមរបៀបសាសន៍ដទៃ។យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្តអំពើឃោរឃៅ និងកលល្បិចពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។
10 នៅថ្ងៃនោះនឹងមានឮសម្រែកលេចចេញពីទ្វារមច្ឆាសម្រែកយំសោកលេចឮពីជាយក្រុងម្ខាងហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំងនៅតាមភ្នំ។
11 ប្រជាជននៅផ្សារក្រោមអើយចូរនាំគ្នាស្រែកយំទៅ!ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។
12 នៅគ្រានោះ យើងនឹងកាន់ចន្លុះរុករកអស់អ្នកដែលយើងត្រូវដាក់ទោសនៅក្រុងយេរូសាឡឹម។អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។
13 ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយកផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេពួកគេដាំទំពាំងបាយជូរតែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។
14 ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ថ្ងៃដែលព្រះអម្ចាស់យាងមកគេនឹងស្រែកយំយ៉ាងជូរចត់សូម្បីតែទាហានដ៏អង់អាចក៏ស្រែកហៅគេជួយដែរ។
15 ថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំងជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់ជាថ្ងៃមហន្តរាយ និងហិនវិនាសជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការជាថ្ងៃដែលមានពពក ងងឹតអាប់អួ
16 ជាថ្ងៃដែលឮសំឡេងស្នែងនិងសម្រែកសឹកសង្គ្រាមវាយយកក្រុងដ៏មានកំពែងរឹងមាំ និងមានប៉មយ៉ាងខ្ពស់។
17 ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនាពួកគេនឹងដើរដូចមនុស្សខ្វាក់ដ្បិតពួកគេប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ឈាមរបស់ពួកគេនឹងខ្ចាយទៅគ្រប់ទីកន្លែងដូចធូលីដីសាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
18 នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំងប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ផែនដីទាំងមូលនឹងត្រូវរលាយដោយសារភ្លើងនៃព្រះពិរោធ។ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដីជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។