1 យេរូសាឡឹមត្រូវវេទនាជាពុំខានព្រោះអ្នកក្រុងនេះជាជនបះបោរប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។
2 ពួកគេមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។
3 មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហដែលគិតតែពីគ្រហឹម។ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចកដែលរកស៊ីនៅពេលល្ងាចហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរនៅពេលព្រឹកឡើយ។
4 ព្យាការីរបស់ពួកគេជាមនុស្សក្អេងក្អាងហើយក្បត់មុខងាររបស់ខ្លួន។បូជាចារ្យរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗដែលជាទីសក្ការៈ ព្រមទាំងបំពានលើក្រឹត្យវិន័យ។
5 ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងចំណោមពួកគេព្រះអង្គសុចរិត ឥតធ្វើអ្វីខុសសោះរៀងរាល់ព្រឹក ព្រះអង្គបង្ហាញយុត្តិធម៌ឲ្យពួកគេឃើញច្បាស់មិនដែលអាក់ខានទេ។ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។
6 ព្រះអង្គមានព្រះបន្ទូលថា៖«យើងបានកម្ទេចប្រជាជាតិនានាយើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេយើងធ្វើឲ្យផ្លូវរបស់គេនៅស្ងាត់ជ្រងំគ្មានមនុស្សដើរ!ក្រុងរបស់គេនឹងត្រូវអន្តរាយលែងមានប្រជាជនរស់នៅទៀត។
7 យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាចនិងព្រមទទួលការស្ដីប្រដៅពីយើងដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវវិនាសអន្តរាយទេ”។ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាបគ្រប់បែបយ៉ាង។
8 ហេតុនេះ ចូរចាំយើងសិន!ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយយើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើងទៅលើពួកគេ ដូចភ្លើងឆាបឆេះដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះផែនដីទាំងមូល-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 ពេលនោះ យើងនឹងជម្រះបបូរមាត់ជាតិសាសន៍នានាឲ្យបរិសុទ្ធដើម្បីឲ្យពួកគេទាំងអស់គ្នាអង្វររកនាមយើងជាព្រះអម្ចាស់ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។
10 អ្នកថ្វាយបង្គំយើង ដែលយើងកំចាត់កំចាយឲ្យទៅនៅខាងនាយទន្លេស្រុកអេត្យូពីនឹងនាំគ្នាយកតង្វាយមកឲ្យយើង។
11 នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានប្រព្រឹត្តគឺអំពើបាបប្រឆាំងនឹងយើងដ្បិតយើងដកមនុស្សក្អេងក្អាងចេញពីចំណោមអ្នកហើយអ្នកក៏លែងវាយឫកខ្ពស់នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។
12 យើងនឹងទុកប្រជាជនមួយចំនួនដែលទន់ទាប ហើយក្រខ្សត់ឲ្យនៅសេសសល់ក្នុងអ្នកប្រជាជននេះនឹងផ្ញើជីវិតលើនាមយើងដែលជាព្រះអម្ចាស់។
13 ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហកនិងលែងនិយាយបោកបញ្ឆោតទៀតហើយពួកគេរស់នៅយ៉ាងសុខសាន្តគ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
14 ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ!ជនជាតិអ៊ីស្រាអែលអើយចូរនាំគ្នាស្រែកជយឃោស!ក្រុងយេរូសាឡឹមអើយចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង!
15 ព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នកព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែល គង់នៅជាមួយអ្នកអ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។
16 នៅថ្ងៃនោះ គេនឹងពោលមកកាន់ក្រុងយេរូសាឡឹមថា កុំខ្លាចអ្វីឡើយ!ក្រុងស៊ីយ៉ូនអើយ កុំបាក់ទឹកចិត្តឲ្យសោះ!
17 ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់គង់ជាមួយអ្នកព្រះអង្គជាវីរបុរសដែលមានជ័យជំនះ។ព្រោះតែអ្នក ព្រះអង្គមានអំណរសប្បាយជាខ្លាំង។ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គធ្វើឲ្យអ្នកមានជីវិតថ្មី។ព្រោះតែអ្នក ព្រះអង្គច្រៀងយ៉ាងរីករាយបំផុត។
18 «យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយដោយមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ៗគឺអស់អ្នកដែលនៅឆ្ងាយពីអ្នកហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
19 នៅថ្ងៃនោះ យើងនឹងដាក់ទោសជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។យើងនឹងសង្គ្រោះចៀមដែលដើរពុំរួចហើយប្រមូលចៀមដែលវង្វេង។យើងនឹងធ្វើឲ្យពួកគេមានកិត្តិយសនិងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែងក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។
20 នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នាពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញនៅចំពោះមុខរបស់អ្នករាល់គ្នាយើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកេរ្តិ៍ឈ្មោះល្បី និងមានកិត្តិយសក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។