1 ពីដើម ប្រជាជនអ៊ីស្រាអែលប្រៀបដូចជាចម្ការទំពាំងបាយជូរដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណាចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយក៏កើនឡើងច្រើនយ៉ាងនោះដែរ។ស្រុករបស់គេកាន់តែល្អយ៉ាងណាគេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយកាន់តែល្អឡើងៗយ៉ាងនោះដែរ។
2 ដោយពួកគេមានចិត្តមិនស្មោះពួកគេត្រូវតែទទួលទោសគឺព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈរបស់ពួកគេព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។
3 ឥឡូវនេះ ពួកគេនិយាយគ្នាថា:«យើងគ្មានស្ដេចទេ ព្រោះយើងមិនបានគោរពកោតខ្លាចព្រះអម្ចាស់។(ប៉ុន្តែ ប្រសិនបើយើងមានស្ដេចតើស្ដេចអាចជួយយើងបានឬទេ?)»។
4 ពួកគេពោលពាក្យឥតបានការនិយាយស្បថបំពានហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹងពន្លកតិណជាតិមានជាតិពុលដុះនៅតាមចម្ការដែលគេភ្ជួររាស់។
5 អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុតព្រោះតែរូបគោញីដែលគេគោរពនៅបេត-អាវេនប្រជាជន និងពួកបូជាចារ្យដែលគោរពបូជារូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញពីចំណោមពួកគេ។
6 គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរីថ្វាយព្រះចៅអធិរាជ។អេប្រាអ៊ីមនឹងត្រូវអាម៉ាស់អ៊ីស្រាអែលនឹងត្រូវបាក់មុខព្រោះតែនយោបាយរបស់ខ្លួន។
7 អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូចកម្ទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក។
8 ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេនជាកន្លែងដែលប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា:ចូរជួយលាក់យើងខ្ញុំផង!ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា:ចូររលំសង្កត់លើយើងខ្ញុំមក!។
9 ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរសម្រាប់ដាក់ទោសជនពាល!
10 យើងនឹងធ្វើទោសពួកគេ តាមចិត្តយើងជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុសទាំងពីរដែលពួកគេបានប្រព្រឹត្ត។
11 អេប្រាអ៊ីមប្រៀបបាននឹងគោញីដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះយើងទឹមអេប្រាអ៊ីមយូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។
12 ចំណែកឯអ្នករាល់គ្នាវិញចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិតអ្នករាល់គ្នានឹងច្រូតបានភក្ដីភាពយ៉ាងបរិបូណ៌!ចូរកាប់គាស់ដីចម្ការថ្មី!ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយគឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមកចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។
13 អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិតហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។អ្នកបានពឹងផ្អែកលើរទេះចំបាំងនិងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។
14 ហេតុនេះ សម្រែកបរាជ័យលេចឮក្នុងកងទ័ពរបស់អ្នកទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នកនឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេលនៅថ្ងៃធ្វើសឹកសង្គ្រាមគេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
15 នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យ។