1 ពេលអេប្រាអ៊ីមហាមាត់និយាយប្រជាជនញ័ររន្ធត់គ្រប់ៗគ្នាអេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រាអែលប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាលហើយគេក៏បាត់បង់ជីវិត។
2 ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាបដោយយកប្រាក់មកសូនធ្វើរូបបដិមាតាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាងប៉ុន្តែ ពួកគេនាំគ្នាពោលថា“យើងត្រូវធ្វើយញ្ញបូជាមនុស្សថ្វាយព្រះនេះ!”តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
3 ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទនៅពេលព្រលឹមដូចទឹកសន្សើមនៅពេលព្រឹកដែលបាត់ទៅវិញយ៉ាងឆាប់ៗដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវនិងដូចផ្សែងហុយចេញពីរោងបាយ។
4 ចំណែកឯយើងវិញយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេងទៀតក្រៅពីយើងទេក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5 យើងបានថែទាំអ្នកនៅវាលរហោស្ថាននៅលើទឹកដីហួតហែង។
6 ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ពួកគេវាយឫកខ្ពស់ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
7 យើងនឹងប្រែក្លាយដូចជាសិង្ហនិងដូចខ្លារខិននៅតាមផ្លូវយើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។
8 យើងនឹងប្រហារពួកគេយ៉ាងសាហាវដូចខ្លាឃ្មុំញីបាត់កូន។យើងនឹងហែកទ្រូងពួកគេយើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេបហើយសត្វព្រៃនឹងមកហែកស៊ីសាកសពរបស់ពួកគេ។
9 អ៊ីស្រាអែលអើយ ដោយអ្នកប្រឆាំងនឹងយើងអ្នកនឹងត្រូវវិនាសពុំខាន!គ្មាននរណាអាចជួយអ្នកបានទេ!
10 តើស្ដេចរបស់អ្នកនៅឯណាម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នកនៅតាមក្រុងទាំងប៉ុន្មាន?រីឯពួកចៅហ្វាយ ដែលអ្នកធ្លាប់ពោលទៅគេថា“សូមតែងតាំងស្ដេច និងមេដឹកនាំឲ្យគ្រប់គ្រងលើយើង”តើអ្នកទាំងនោះទៅណាអស់ហើយ។
11 យើងបានប្រគល់ស្ដេចឲ្យអ្នក ទាំងខឹងយើងដកស្ដេចនោះវិញ ទាំងក្រេវក្រោធ។
12 កំហុស និងអំពើបាបរបស់អេប្រាអ៊ីមមានកត់ត្រាទុកយ៉ាងច្បាស់លាស់ណាស់។
13 ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសម្រាលកូនពួកគេជាកូនល្ងីល្ងើ ដ្បិតដល់ពេលកើតវាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។
14 តើយើងគួររំដោះពួកគេពីស្ថានមច្ចុរាជឬ?តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ?មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា?ស្ថានមច្ចុរាជអើយអំណាចប្រហារជីវិតរបស់ឯងនៅឯណា?យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
15 ទោះបីអេប្រាអ៊ីមរីកចម្រើនឡើងនៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្ដីគង់តែនឹងមានខ្យល់បក់ពីទិសខាងកើតគឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថានធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួតហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃទាំងប៉ុន្មានពីក្នុងឃ្លាំង។
16 អ្នកក្រុងសាម៉ារីនឹងទទួលទោសព្រោះគេបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន។ពួកគេនឹងដួលស្លាប់ដោយមុខដាវខ្មាំងនឹងជាន់កម្ទេចកូនក្មេងហើយវះពោះស្ត្រីមានគភ៌។