1 ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់គ្មានភក្ដីភាពហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
2 ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នាការបោកប្រាស់គ្នា សម្លាប់គ្នាអំពើចោរកម្ម និងការផិតក្បត់ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្មជាបន្តបន្ទាប់គ្នា។
3 ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួតអស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំងសត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយសូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យជាមួយពួកគេដែរ។
4 ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់ ឬស្ដីបន្ទោសប្រជាជនឡើយដ្បិតយើងចោទប្រកាន់តែអ្នក។
5 នៅពេលថ្ងៃ អ្នកនឹងជំពប់ដួលនៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នកហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នកត្រូវវិនាសដែរ។
6 ប្រជាជនរបស់យើងវិនាសព្រោះពួកគេមិនស្គាល់យើង។ដោយអ្នកមិនទទួលស្គាល់យើងយើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារជាបូជាចារ្យរបស់យើងទៀតដែរ។ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នកយើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
7 ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើងយើងនឹងដូរកិត្តិយសរបស់ពួកគេឲ្យទៅជាភាពអាម៉ាស់។
8 អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារតង្វាយលោះបាបនៃប្រជាជនរបស់យើងហើយសប្បាយចិត្តដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
9 បូជាចារ្យក៏ដូចជាប្រជាជនដែរយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្តគឺពួកគេប្រព្រឹត្តយ៉ាងណាយើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
10 ពួកគេបរិភោគ តែមិនចេះឆ្អែតពួកគេប្រព្រឹត្តអំពើពេស្យាចារតែមិនបានចម្រុងចម្រើនទេដ្បិតពួកគេបោះបង់ចោលយើងដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត
11 អំពើពេស្យាចារ។ចិត្តប្រាថ្នាចង់បានស្រាចាស់ និងស្រាថ្មីបាននាំពួកគេឲ្យវង្វេង។
12 ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើឲ្យទស្សន៍ទាយដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេងពួកគេប្រព្រឹត្តអំពើពេស្យាចារដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
13 ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់នៅក្រោមដើមជ្រៃ ក្រោមដើមពោធិនិងក្រោមដើមម៉ៃសាក់ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ!ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នាប្រព្រឹត្តអំពើពេស្យាចារកូនប្រសាស្រីរបស់អ្នករាល់គ្នាប្រព្រឹត្តអំពើផិតក្បត់។
14 យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នាព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួនទៅជាមួយស្រីពេស្យានិងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យាសក្ការៈ។ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះរមែងបោះជំហានទៅរកសេចក្ដីវិនាស។
15 អ៊ីស្រាអែលអើយ ប្រសិនបើអ្នកប្រព្រឹត្តអំពើពេស្យាចារដូច្នេះមិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេកុំទៅគីលកាល់ កុំឡើងទៅបេតអាវេនឬក៏ស្បថក្នុងនាម ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅដែរ។
16 អ៊ីស្រាអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាព្រះអម្ចាស់ត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ?
17 បើអេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ទុកឲ្យគេចូលរួមទៅ!
18 ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។
19 ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។