1 អ៊ីស្រាអែលអើយ កុំត្រេកអរនិងសប្បាយរីករាយដូចជាតិសាសន៍ឯទៀតៗឡើយដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារដោយបោះបង់ចោលព្រះរបស់ខ្លួនអ្នកចូលចិត្តទទួលកំរៃមិនបរិសុទ្ធដោយធ្វើពិធីសែនព្រេននៅតាមលានបោកស្រូវ។
2 ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវដែលគេបោកបែន ឬប្រេងដែលគេគាបហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។
3 ពួកគេនឹងលែងរស់នៅលើទឹកដីរបស់ព្រះអម្ចាស់អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធនៅស្រុកអាស្ស៊ីរី។
4 ពួកគេនឹងលែងធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់យញ្ញបូជារបស់ពួកគេមិនគាប់ព្រះហឫទ័យរបស់ព្រះអង្គឡើយ។សាច់នៃយញ្ញបូជាដែលពួកគេបរិភោគប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខអស់អ្នកដែលបរិភោគអាហារនោះនឹងក្លាយទៅជាជនមិនបរិសុទ្ធ។អាហាររបស់គេបានត្រឹមតែចំអែតក្រពះប៉ុណ្ណោះគេមិនអាចយកចូលមកក្នុងដំណាក់របស់ ព្រះអម្ចាស់បានឡើយ។
5 តើអ្នករាល់គ្នាធ្វើយ៉ាងណានៅថ្ងៃបុណ្យសំខាន់ៗ និងថ្ងៃបុណ្យរបស់ព្រះអម្ចាស់?
6 មើលចុះ! ពួកគេចាកចេញទៅព្រោះតែទឹកដីរបស់ពួកគេត្រូវអន្តរាយ។ស្រុកអេស៊ីបទទួលពួកគេពួកគេនឹងស្លាប់ចោលឆ្អឹងនៅក្រុងណូបចោលទ្រព្យសម្បត្តិធ្វើពីប្រាក់ នៅក្នុងគុម្ពខ្ញែហើយបន្លាដុះនៅពេញទីលំនៅរបស់ពួកគេ។
7 អ៊ីស្រាអែលត្រូវតែដឹងថាគ្រាដែលព្រះជាម្ចាស់ដាក់ទោស មកដល់ហើយគឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ព្យាការីក្លាយទៅជាមនុស្សឡប់សតិហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាងក្លាយទៅជាមនុស្សវង្វេងស្មារតីព្រោះតែកំហុសដ៏ធ្ងន់និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។
8 អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺព្យាការីស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទីហើយគេប្រឆាំងនឹងគាត់នៅក្នុងដំណាក់នៃព្រះរបស់គាត់។
9 ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយកាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបៀរដែរ ព្រះអម្ចាស់នឹកឃើញអំពើអាក្រក់របស់ពួកគេហើយព្រះអង្គនឹងដាក់ទោសពួកគេតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
10 «ពីដើម យើងឃើញអ៊ីស្រាអែលដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថានយើងបានឃើញដូនតារបស់អ្នករាល់គ្នាដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ពួកគេទៅដល់បាល-ពេអ៊រហើយនាំគ្នាគោរពបម្រើព្រះដ៏គំរក់ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើមដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។
11 កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេដូចសត្វស្លាបដែលហើរបាត់ទៅគឺគ្មានទារកកើតទៀតទេហើយគ្មានទារកនៅក្នុងផ្ទៃឬទារកមកចាប់ផ្ទៃទៀតដែរ។
12 ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗយើងនឹងដកកូនទាំងនោះចេញពីពួកគេមុនពេលវាធំពេញវ័យ។កាលណាយើងចាកចេញពីពួកគេពួកគេពិតជាត្រូវវេទនាមិនខាន!
13 យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹងក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួលតែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។
14 ព្រះអម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះតើត្រូវធ្វើទោសពួកគេរបៀបណា?គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេមិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។
15 «អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេលេចចេញមកយ៉ាងច្បាស់នៅគីលកាល់គឺនៅទីនោះហើយដែលយើងចាប់ផ្ដើមស្អប់ខ្ពើមពួកគេ។ដោយពួកគេប្រព្រឹត្តអំពើអាក្រក់យើងនឹងដេញពួកគេចេញពីដំណាក់របស់យើង។យើងលែងស្រឡាញ់ពួកគេទៀតហើយមេដឹកនាំទាំងប៉ុន្មានរបស់ពួកគេសុទ្ធតែជាជនបះបោរ។
16 អេប្រាអ៊ីមត្រូវបណ្ដាសាហើយឫសរបស់ពួកគេក្រៀមស្ងួតអស់ពួកគេពុំអាចបង្កើតផលបានឡើយ។ប្រសិនបើពួកគេបង្កើតកូននោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់របស់ពួកគេបាត់បង់ជីវិត»។
17 ព្រះរបស់ខ្ញុំនឹងបោះបង់ចោលពួកគេព្រោះពួកគេមិនបានស្ដាប់តាមព្រះអង្គទេ។ដូច្នេះ ពួកគេនឹងខ្ចាត់ព្រាត់ទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ។