២ របាក្សត្រ 10:9-15 KHSV

9 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ណា? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​នឹង​ប្រជា‌ជន​នេះ​យ៉ាង​ដូច​ម្ដេច?»។

10 មន្ត្រី​ជំនិត​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជា‌ជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​របស់​បិតា​យើង​ទៅ​ទៀត។

11 បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី”»។

12 លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជា‌ជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រេហូ‌បោម តាម​ពេល​ដែល​ស្ដេច​បាន​កំណត់​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​ត្រឡប់​មក​ជួប​យើង​វិញ»។

13 ព្រះ‌បាទ​រេហូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។

14 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។

15 ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ប្រជា‌ជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្ដោយ​ឲ្យ​មាន​សភាព‌ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា​នៅ​ស៊ីឡូ។