1 ព្រះបាទយ៉ូសាផាតបានឡើងស្នងរាជ្យព្រះបាទអេសា ជាបិតា ហើយស្ដេចពង្រឹងកម្លាំង តទល់នឹងស្រុកអ៊ីស្រាអែល។
2 ស្ដេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលព្រះបាទអេសា ជាបិតា ដណ្ដើមយកបាន។
3 ព្រះអម្ចាស់គង់នៅជាមួយព្រះបាទយ៉ូសាផាត ដ្បិតស្ដេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោ គឺទ្រង់ពុំបានស្វែងរកព្រះបាលទេ។
4 ស្ដេចបានស្វែងរកព្រះនៃអយ្យកោរបស់ស្ដេច និងធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺទ្រង់មិនធ្វើដូចអ្នកស្រុកអ៊ីស្រាអែលទេ។
5 ព្រះអម្ចាស់ពង្រឹងរាជសម្បត្តិរបស់ស្ដេចឲ្យបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូលតែងតែនាំយកតង្វាយមកថ្វាយព្រះបាទយ៉ូសាផាត។ ស្ដេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។
6 ស្ដេចខ្នះខ្នែងធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ហើយលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងបង្គោលរបស់ព្រះអាសេរ៉ា អស់ពីទឹកដីយូដា។
7 នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសាផាត ស្ដេចបានចាត់មន្ត្រីមួយក្រុម គឺមានលោកបេន-ហែល លោកអូបាឌា លោកសាការី លោកនេថានេល និងលោកមីកាយ៉ា ឲ្យចុះទៅអប់រំប្រជាជននៅតាមក្រុងនានាក្នុងស្រុកយូដា។
8 ក្រុមលេវីដែលមានលោកសេម៉ាយ៉ា លោកនេថានា លោកសេបាឌា លោកអេសាអែល លោកសេមីរ៉ាម៉ុត លោកយ៉ូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា លោកថូប-អដូនីយ៉ា ព្រមទាំងក្រុមបូជាចារ្យ ដែលមានលោកអេលីសាម៉ា និងលោកយ៉ូរ៉ាម ក៏រួមដំណើរជាមួយមន្ត្រីទាំងនោះដែរ។
9 ពួកគេបង្រៀនប្រជាជននៅស្រុកយូដា ដោយយកក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ ទៅជាមួយផង។ ពួកគេធ្វើដំណើរតាមក្រុងទាំងអស់នៃស្រុកយូដា ហើយប្រៀនប្រដៅអ្នកស្រុក។
10 ព្រះអម្ចាស់បានធ្វើឲ្យនគរទាំងប៉ុន្មាននៅជុំវិញស្រុកយូដា ភ័យខ្លាចជាខ្លាំង ពួកគេមិនហ៊ានធ្វើសង្គ្រាមតទល់នឹងព្រះបាទយ៉ូសាផាតឡើយ។
11 ជនជាតិភីលីស្ទីននាំយកតង្វាយ និងសួយសារអាករ ជាប្រាក់មកថ្វាយព្រះបាទយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧ ៧០០ ក្បាល និងពពែឈ្មោល ៧ ៧០០ ក្បាល មកថ្វាយស្ដេចដែរ។
12 ព្រះបាទយ៉ូសាផាតមានអំណាចកាន់តែខ្លាំងឡើងៗ។ ស្ដេចសង់បន្ទាយជាច្រើននៅស្រុកយូដា ព្រមទាំងសង់ក្រុងនានា ជាកន្លែងសម្រាប់ផ្ទុកស្បៀង។
13 ស្ដេចមានក្រសួងការងារជាច្រើន នៅតាមក្រុងនានាក្នុងស្រុកយូដា ព្រមទាំងមានទាហានដ៏ចំណានៗ និងវីរបុរសដ៏អង់អាចនៅក្រុងយេរូសាឡឹម។
14 ទាហានទាំងនោះមានចែកជាកងពល តាមក្រុមគ្រួសាររបស់ពួកគេ។ ក្នុងកុលសម្ព័ន្ធយូដា មានមេបញ្ជាការកងពល ដូចតទៅ: លោកអ័ឌណា ជាមេបញ្ជាការលើកងពល ៣០០ ០០០នាក់។
15 សហការីរបស់គាត់មាន លោកយ៉ូហាណាន ជាមេបញ្ជាការលើកងពល ២៨០ ០០០ នាក់។
16 សហការីមួយរូបទៀតគឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយព្រះអម្ចាស់ និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់។
17 ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនមានលោកអេលីយ៉ាដា ជានាយទាហានដ៏អង់អាច និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់ ជាទាហានដែលប្រដាប់ខ្លួនដោយធ្នូ និងខែល។
18 សហការីរបស់គាត់មានលោកយ៉ូសាបា ជាមេបញ្ជាការលើកងពល ១៨០ ០០០ នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។
19 អ្នកទាំងនេះសុទ្ធតែនៅបម្រើស្ដេច រួមទាំងអ្នកឯទៀតៗ ដែលស្ដេចដាក់ឲ្យប្រចាំការនៅតាមក្រុង ដែលមានកំពែងរឹងមាំទាំងប៉ុន្មានក្នុងស្រុកយូដា។