1 ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលព្រះអម្ចាស់បានបង្ហាញព្រះបាទដាវីឌ ជាបិតា គឺកន្លែងដែលព្រះបាទដាវីឌបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
2 ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជកាលរបស់ស្ដេច។
3 ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅលើគ្រឹះ ដែលមានបណ្ដោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។
4 បន្ទប់ល្វែងខាងមុខមានបណ្ដោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ មានកំពស់មួយរយម្ភៃហត្ថ ហើយស្ដេចឲ្យគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។
5 នៅតាមជញ្ជាំងបន្ទប់ធំ ស្ដេចបានឲ្យគេពាសឈើតាត្រៅ និងស្រោបមាសដ៏មានគុណភាពខ្ពស់ ព្រមទាំងឆ្លាក់ក្បាច់ដើមចាក និងច្រវាក់។
6 ស្ដេចឲ្យគេតុបតែងលំអបន្ទប់នេះដោយត្បូងពេជ្រដ៏មានតម្លៃ ហើយមាសដែលស្រោបនោះ សុទ្ធតែជាមាសមកពីស្រុកផាវែម។
7 ក្នុងព្រះដំណាក់នោះ ស្ដេចឲ្យគេស្រោបមាសទាំងធ្នឹម ទាំងក្របទ្វារ ទាំងជញ្ជាំង ទាំងសន្លឹកទ្វារ ហើយឲ្យគេឆ្លាក់រូបចេរូប៊ីននៅលើជញ្ជាំងទៀតផង។
8 ស្ដេចបានសង់បន្ទប់មួយ ហៅថា «ទីសក្ការៈបំផុត» មានបណ្ដោយម្ភៃហត្ថ ស្របនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ ហើយទទឹងរបស់បន្ទប់នោះក៏មានម្ភៃហត្ថដែរ។ ផ្នែកខាងក្នុង ស្ដេចឲ្យគេស្រោបមាសដែលមានគុណភាពខ្ពស់ ទម្ងន់ ៦០០ហាប។
9 រីឯមាសដែលប្រើសម្រាប់ធ្វើដែកគោល មានទម្ងន់ហាសិបតម្លឹង ហើយបន្ទប់ខាងលើក៏ស្រោបមាសដែរ។
10 នៅក្នុងអាគារនៃទីសក្ការៈបំផុត ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូ ព្រមទាំងស្រោបមាសផង។
11 ស្លាបរបស់ចេរូប៊ីនទាំងពីរសរុបគ្នាមានប្រវែងម្ភៃហត្ថ គឺស្លាបម្ខាងរបស់ចេរូប៊ីនទីមួយ មានប្រវែងប្រាំហត្ថ លាតទៅទល់នឹងជញ្ជាំងព្រះដំណាក់ ស្លាបម្ខាងទៀតប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបរបស់ចេរូប៊ីនទីពីរ
12 រីឯស្លាបរបស់ចេរូប៊ីនទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។
13 ដូច្នេះ ស្លាបរបស់ចេរូប៊ីនទាំងពីរ ដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។
14 ស្ដេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ដ មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបចេរូប៊ីន នៅលើក្រណាត់នោះផង។
15 ស្ដេចបានឲ្យគេធ្វើសសរពីរ មានកំពស់សាមសិបប្រាំហត្ថ ដាក់នៅមុខព្រះដំណាក់ ហើយនៅចុងខាងលើសសរនីមួយៗ មានក្បាលសសរកំពស់ប្រាំហត្ថ។
16 ស្ដេចឲ្យគេធ្វើក្បាច់ច្រវាក់ ដូចនៅក្នុងទីសក្ការៈ ដាក់ភ្ជាប់ចុងខាងលើសសរដែរ។ បន្ទាប់មក ស្ដេចឲ្យគេធ្វើក្បាច់ផ្លែទទឹមចំនួនមួយរយ ភ្ជាប់ទៅនឹងក្បាច់ច្រវាក់ផង។
17 ស្ដេចឲ្យគេបញ្ឈរសសរទាំងពីរនៅមុខព្រះដំណាក់ គឺ សសរមួយនៅខាងស្ដាំ សសរមួយទៀតនៅខាងឆ្វេង រួចដាក់ឈ្មោះសសរខាងស្ដាំថា យ៉ាគីន និងសសរខាងឆ្វេង បូអូស។