២ របាក្សត្រ 11:14-20 KHSV

14 ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សម្បែង និង​ដី‌ធ្លី​របស់​ខ្លួន ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ព្រះ‌បាទ​យេរ៉ូ‌បោម ព្រម​ទាំង​បុត្រ មិន​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់​ទេ។

15 ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ជ្រើស​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បម្រើ​ព្រះ​ក្លែង‌ក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ស្ដេច​បាន​សូន។

16 រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ។

17 ដូច្នេះ ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំទ្រ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន។

18 ព្រះ‌បាទ​រេហូ‌បោម​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្ដេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​អប៊ី‌ហែល ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។

19 ព្រះ‌នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​បុត្រ​បី​អង្គ គឺ​សម្ដេច​យេអ៊ូស សេម៉ា‌រី‌យ៉ា និង​សាហាំ។

20 ក្រោយ​មក ព្រះ‌បាទ​រេហូ‌បោម​បាន​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម។ ព្រះ‌នាង​ប្រសូត​បាន​បុត្រ​បួន​អង្គ គឺ​សម្ដេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។