២ របាក្សត្រ 13:1-6 KHSV

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ព្រះ‌បាទ​អប៊ី‌យ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។

2 ស្ដេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា មីកា‌យ៉ា ជា​កូន​របស់​លោក​អូរាល អ្នក​ក្រុង​គីបៀរ។ ព្រះ‌បាទ​អប៊ី‌យ៉ា និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។

3 ព្រះ‌បាទ​អប៊ី‌យ៉ា​បាន​លើក​ទ័ព​ចំនួន ៤០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចេញ​ទៅ​ប្រយុទ្ធ ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ក៏​បាន​លើក​ទ័ព​ចំនួន ៨០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច ចេញ​មក​តទល់​វិញ​ដែរ។

4 ព្រះ‌បាទ​អប៊ី‌យ៉ា​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​សេម៉ា‌រែប ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អេប្រាអ៊ីម ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យេរ៉ូ‌បោម និង​កង‌ទ័ព​អ៊ីស្រា‌អែល​ថា៖ «ចូរ​ស្ដាប់​យើង!

5 អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ និង​រាជ‌វង្ស សោយ​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធ‌មេត្រី*​ដែល​មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។

6 ប៉ុន្តែ យេរ៉ូ‌បោម កូន​របស់​លោក​នេបាត ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ក្រោក​ឡើង​បះ‌បោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។