២ របាក្សត្រ 17:11-17 KHSV

11 ជន‌ជាតិ​ភីលីស្ទីន​នាំ​យក​តង្វាយ និង​សួយសារ‌អាករ ជា​ប្រាក់​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ ជន‌ជាតិ​អារ៉ាប់​ក៏​នាំ​យក​ចៀម​ឈ្មោល ៧ ៧០០ ក្បាល និង​ពពែ​ឈ្មោល ៧ ៧០០ ក្បាល មក​ថ្វាយ​ស្ដេច​ដែរ។

12 ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ស្ដេច​សង់​បន្ទាយ​ជា​ច្រើន​នៅ​ស្រុក​យូដា ព្រម​ទាំង​សង់​ក្រុង​នានា ជា​កន្លែង​សម្រាប់​ផ្ទុក​ស្បៀង។

13 ស្ដេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។

14 ទាហាន​ទាំង​នោះ​មាន​ចែក​ជា​កង‌ពល តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ក្នុង​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ: លោក​អ័ឌ‌ណា ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ៣០០ ០០០​នាក់។

15 សហការី​របស់​គាត់​មាន លោក​យ៉ូហាណាន ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២៨០ ០០០ នាក់។

16 សហការី​មួយ​រូប​ទៀត​គឺ​លោក​អម៉ា‌ស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីក‌គ្រី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់។

17 ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​មាន​លោក​អេលីយ៉ាដា ជា​នាយ​ទាហាន​ដ៏​អង់‌អាច និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់ ជា​ទាហាន​ដែល​ប្រដាប់​ខ្លួន​ដោយ​ធ្នូ និង​ខែល។