២ របាក្សត្រ 18:1-6 KHSV

1 ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​ចង​ស្ពាន‌មេត្រី​នឹង​ព្រះ‌បាទ​អហាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។

2 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​យ៉ូសា‌ផាត​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​អហាប់ នៅ​ក្រុង​សាម៉ារី។ ពេល​នោះ ព្រះ‌បាទ​អហាប់​រៀប‌ចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ព្រះ‌បាទ​យ៉ូសា‌ផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្ដេច។ ព្រះ‌បាទ​អហាប់​ក៏​បាន​បបួល​ព្រះ‌បាទ​យ៉ូសា‌ផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

3 ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ព្រះ‌ករុណា​ដែរ!»។

4 ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។

5 ស្ដេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ចំនួន​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​មិន​ខាន»។

6 ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ​គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះ‌អង្គ​ទេ​ឬ?»។