4 ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡឹម។ បន្ទាប់មក ស្ដេចយាងទៅសួរសុខទុក្ខប្រជារាស្ត្រតាំងពីបៀរសេបាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេឲ្យវិលមករកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួនវិញ។
5 ស្ដេចបានតែងតាំងឲ្យមានចៅក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
6 ស្ដេចមានរាជឱង្ការទៅកាន់ចៅក្រមទាំងនោះថា៖ «ចូរប្រុងប្រយ័ត្ននឹងកិច្ចការដែលអស់លោកធ្វើ ដ្បិតអស់លោកកាត់ក្ដី មិនមែនតាមបែបមនុស្សលោកទេ គឺតាមព្រះអម្ចាស់វិញ ព្រះអង្គនឹងគង់នៅជាមួយអស់លោកក្នុងពេលដែលអស់លោកកាត់ក្ដី។
7 ឥឡូវនេះ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
8 ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ព្រះបាទយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមបូជាចារ្យ និងមេលើក្រុមគ្រួសារអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម ឲ្យកាត់ក្ដី ក្នុងនាមព្រះអម្ចាស់ ព្រមទាំងដោះស្រាយជម្លោះដែរ។
9 ស្ដេចបង្គាប់ទៅលោកទាំងនោះថា៖ «សូមអស់លោកប្រព្រឹត្តដោយគោរពកោតខ្លាចព្រះអម្ចាស់ដោយចិត្តស្មោះត្រង់ និងឥតលំអៀង។
10 ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្ដីអំពីក្រឹត្យវិន័យ ច្បាប់ បទបញ្ជា និងវិន័យៗផ្សេងៗ មកសុំឲ្យអស់លោកកាត់ក្ដី ក្នុងគ្រប់ករណី អស់លោកត្រូវក្រើនរំឭកពួកគេឲ្យដឹងខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ ហើយកុំឲ្យព្រះអង្គទ្រង់ព្រះពិរោធចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំឲ្យមានកំហុស។