២ របាក្សត្រ 32:13-19 KHSV

13 អ្នក​រាល់​គ្នា​ដឹង​ទេ ឬ​ថា តើ​យើង និង​ដូនតា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែនដី​នេះ? តើ​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឬ​ទេ?

14 ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ដូនតា​របស់​យើង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ​របស់​យើង​នោះ គ្មាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ រីឯ​ព្រះ​របស់​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!

15 ដូច្នេះ មិន​ត្រូវ​ឲ្យ​ស្ដេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​សម្ដី​របស់​ស្ដេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង ឬ​ដូនតា​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​ទាំង‌ឡាយ​របស់​អ្នក​រាល់​គ្នា ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។

16 រាជ​បម្រើ​របស់​ព្រះចៅ​សាន‌ហេ‌រីប​ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជា‌អម្ចាស់ និង​ប្រមាថ​ព្រះ‌បាទ​ហេ‌សេគា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បន្ត​ទៅ​ទៀត។

17 ស្ដេច​ស្រុក​អាស្ស៊ីរី​សរសេរ​លិខិត​មួយ ដើម្បី​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ក្នុង​លិខិត​នោះ ស្ដេច​ថ្លែង​ថា៖ «ព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជាតិ​នានា​នៅ​ផែនដី​នេះ មិន​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​របស់​ស្ដេច​ហេសេ‌គា​ក៏​ពុំ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។

18 រាជ​បម្រើ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម​ព្រឺ​ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។

19 ពួក​គេ​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែនដី ដែល​សុទ្ធ‌សឹង​ជា​ស្នា‌ដៃ​របស់​មនុស្ស។