4 គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។
5 ស្ដេចដុតធាតុរបស់ពួកបូជាចារ្យនៃព្រះដទៃ នៅលើអាសនៈរបស់គេ។ ស្ដេចធ្វើដូច្នេះ ដើម្បីជម្រះស្រុកយូដា និងក្រុងយេរូសាឡឹមឲ្យបានបរិសុទ្ធ*។
6 ស្ដេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។
7 ស្ដេចកម្ទេចបង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា ឲ្យទៅជាធូលីដី ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល រួចស្ដេចយាងទៅក្រុងយេរូសាឡឹមវិញ។
8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្ដេច គឺនៅគ្រាដែលស្ដេចកំពុងតែជម្រះស្រុក និងព្រះវិហារ ឲ្យបានបរិសុទ្ធ ព្រះបាទយ៉ូសៀសចាត់លោកសាផាន ជាកូនរបស់លោកអសាលា លោកម៉ាសេយ៉ា ជាអភិបាលក្រុង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស និងជាស្មៀនហ្លួង ឲ្យទៅជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។
9 លោកទាំងនោះក៏ទៅជួបលោកមហាបូជាចារ្យ*ហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនថ្វាយសម្រាប់ព្រះដំណាក់មក គឺប្រាក់ដែលក្រុមលេវី ជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រាអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា បេនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។
10 គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលព្រះដំណាក់ឲ្យបានរឹងមាំឡើងវិញ