1 ប្រជាជនយូដានាំគ្នាតែងតាំងព្រះបាទយ៉ូអាហាស់ ជាបុត្ររបស់ព្រះបាទយ៉ូសៀសឲ្យឡើងស្នងរាជ្យបិតា នៅក្រុងយេរូសាឡឹម។
2 កាលព្រះបាទយ៉ូអាហាស់ឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។
3 ស្ដេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះបាទយ៉ូអាហាស់ ហើយតម្រូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាបទៀតផង។
4 ព្រះចៅផារ៉ោននេកោបានតែងតាំងព្រះបាទអេលាគីម ជាអនុជរបស់ព្រះបាទយ៉ូអាហាស់ ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ ព្រះចៅនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
5 កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ។
6 ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងព្រះបាទយេហូយ៉ាគីម ហើយចាប់ស្ដេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។