5 កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ។
6 ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងព្រះបាទយេហូយ៉ាគីម ហើយចាប់ស្ដេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។
7 ព្រះចៅនេប៊ូក្នេសាក៏បាននាំយកវត្ថុផ្សេងៗពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅទុកក្នុងវាំងរបស់ស្ដេចនៅក្រុងបាប៊ីឡូនដែរ។
8 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម គឺអំពើដ៏គួរស្អប់ខ្ពើម ដែលស្ដេចផ្ទាល់បានប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។ ព្រះបាទយ៉ូយ៉ាគីន ជាបុត្រ បានឡើងស្នងរាជ្យ។
9 កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
10 នៅពេលចូលឆ្នាំ ព្រះចៅនេប៊ូក្នេសាចាប់ស្ដេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានតែងតាំងព្រះបាទសេដេគា ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
11 កាលព្រះបាទសេដេគាឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។