6 ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
7 មើល៍! ព្រះអង្គយាងមក នៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
8 ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
9 ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលព្រះរាជ្យ* និងព្យាយាមរួមជាមួយបងប្អូន ក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសក្ខីភាពរបស់ព្រះយេស៊ូ។
10 នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ
11 សំឡេងនោះប្រាប់ថា «អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
12 ខ្ញុំក៏ងាកទៅរកសំឡេងដែលពោលមកកាន់ខ្ញុំ ពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។