1 នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្ដបានសម្តែងឲ្យឃើញ គឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា*របស់ព្រះអង្គ ឲ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ
2 លោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពរបស់ព្រះយេស៊ូគ្រិស្ដ។
3 អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គល*ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។
4 ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំនុំ*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់
5 និងព្រះយេស៊ូគ្រិស្ដប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
6 ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
7 មើល៍! ព្រះអង្គយាងមក នៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
8 ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
9 ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលព្រះរាជ្យ* និងព្យាយាមរួមជាមួយបងប្អូន ក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសក្ខីភាពរបស់ព្រះយេស៊ូ។
10 នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ
11 សំឡេងនោះប្រាប់ថា «អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
12 ខ្ញុំក៏ងាកទៅរកសំឡេងដែលពោលមកកាន់ខ្ញុំ ពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។
13 នៅកណ្ដាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រមនុស្ស* ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។
14 សក់លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង
15 ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។
16 លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។
17 ពេលខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងលោក។ លោកដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថា: «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត
18 យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។
19 ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និងពេលខាងមុខ។
20 ចំពោះអត្ថន័យលាក់កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះ មានដូចតទៅ: ផ្កាយទាំងប្រាំពីរ គឺជាទេវតារបស់ក្រុមជំនុំ*ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។