1 ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។
2 បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។
3 ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។
4 ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
5 ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍ យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។
6 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះ ដោយគេមិនបាច់បង់ថ្លៃឡើយ។
7 អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។
8 ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
9 បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញទៅដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញកូនក្រមុំជាភរិយារបស់កូនចៀម»។
10 ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់។
11 ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។
12 ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានទេវតាដប់ពីររូប និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។
13 នៅទិសខាងកើតមានខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។
14 កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះសាវ័ក*ទាំងដប់ពីររបស់កូនចៀម។
15 ទេវតាដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។
16 ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ទេវតាបានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្ដាដ។ បណ្ដោយ ទទឹង និងកំពស់ មានប្រវែងស្មើៗគ្នា។
17 ទេវតាបានវាស់កំពែងដែរ ឃើញមានកំពស់មួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្សលោក ដូចរង្វាស់ទេវតាដែរ។
18 កំពែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយទីក្រុងធ្វើពីមាសសុទ្ធ ដែលភ្លឺថ្លាដូចកែវសុទ្ធ។
19 គ្រឹះរបស់កំពែងក្រុងមានតុបតែងទៅដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង គ្រឹះទីមួយធ្វើពីត្បូងមណីជោតិរស គ្រឹះទីពីរធ្វើពីត្បូងកណ្ដៀង គ្រឹះទីបីធ្វើពីត្បូងមោរ៉ា គ្រឹះទីបួនធ្វើពីកែវមរកត
20 គ្រឹះទីប្រាំធ្វើពីត្បូងដៃរគៀម គ្រឹះទីប្រាំមួយធ្វើពីត្បូងទទឹម គ្រឹះទីប្រាំពីរធ្វើពីត្បូងប៊ុតលឿង គ្រឹះទីប្រាំបីធ្វើពីត្បូងបេរីល គ្រឹះទីប្រាំបួនធ្វើពីត្បូងថៃលឿង គ្រឹះទីដប់ធ្វើពីត្បូងកែវយក់ គ្រឹះទីដប់មួយធ្វើពីត្បូងនិលរ័ត្ន គ្រឹះទីដប់ពីរធ្វើពីត្បូងជម្ពូរ័ត្ន។
21 ទ្វារទាំងដប់ពីរធ្វើពីកែវមុក្ដាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្ដាតែមួយដុំ។ លានរបស់ក្រុងធ្វើពីមាសសុទ្ធ ភ្លឺថ្លាដូចកែវ។
22 ខ្ញុំពុំឃើញមានព្រះវិហារ*នៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាព្រះវិហាររបស់ក្រុងនោះ។
23 ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់បំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។
24 ជាតិសាសន៍នានានឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្ដេចនានានឹងនាំរាជ្យទ្រព្យចូលមកក្នុងក្រុងនោះដែរ។
25 ទ្វារក្រុងមិនដែលបិទនៅពេលថ្ងៃឡើយ ហើយនៅទីនោះ គ្មានយប់ទេ។
26 គេនឹងនាំយកភោគទ្រព្យ និងអ្វីៗដ៏មានតម្លៃរបស់ជាតិសាសន៍នានា មកដាក់ក្នុងក្រុងនោះ។
27 គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហក ក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។