វិវរណៈ 11:7-13 KHSV

7 ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខីភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរក​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។

8 សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ត‌រូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។

9 មនុស្ស‌ម្នា​ពី​ចំណោម​ប្រជា‌ជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។

10 មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែន‌ដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី*​ទាំង​ពីរ​រូប​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែន‌ដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។

11 បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិត​មួយ​ចេញ​ពី​ព្រះ‌ជា‌ម្ចាស់ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។

12 អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

13 ខណៈ​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែន‌ដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ*»។