10 ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យ*ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ត្រនៃព្រះរបស់យើង។
11 បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។
12 ហេតុនេះ ស្ថានបរមសុខ* និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារ*បានចុះទៅរកអ្នករាល់គ្នា ទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្តិចប៉ុណ្ណោះ»។
13 កាលនាគឃើញថាខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលបានសម្រាលបុត្រ។
14 នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។
15 ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ
16 ក៏ប៉ុន្តែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។