វិវរណៈ 12:4-10 KHSV

4 កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែន‌ដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។

5 នាង​សម្រាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះ‌អង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះ‌អង្គ។

6 រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ‌ស្ថាន​ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​រៀប‌ចំ​ទុក ដើម្បី​ឲ្យ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ។

7 ពេល​នោះ ក៏​មាន​ចំបាំង​ផ្ទុះ​ឡើង នៅ​លើ​មេឃ គឺ​មហា​ទេវតា​មីកែល និង​ពួក​ទេវតា​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ

8 ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។

9 នាគ​ធំ​នោះ​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង​ជា​ពស់​ពី​បុរាណ ឈ្មោះ​មារ* ឬ​សាតាំង ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែន‌ដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។

10 ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះ‌ភ័ក្ត្រ​នៃ​ព្រះ​របស់​យើង។