វិវរណៈ 13:5-11 KHSV

5 សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។

6 វា​បាន​ហា​មាត់​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ គឺ​វា​ប្រមាថ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ប្រមាថ​ព្រះ‌ពន្លា*​របស់​ព្រះ‌អង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ*។

7 វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យ‌ជំនះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​ត្រួត‌ត្រា​លើ​កុល‌សម្ព័ន្ធ*​ទាំង​អស់ ប្រជា‌រាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់

8 ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែន‌ដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។

9 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ឲ្យ​មែន​ទែន!។

10 បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។

11 បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។