វិវរណៈ 16:10-16 KHSV

10 ទេវតា​ទី​ប្រាំ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​តិរច្ឆាន ស្រាប់​តែ​អាណា‌ចក្រ​របស់​វា​ប្រែ​ទៅ​ជា​ងងឹត​សូន្យ មនុស្ស‌ម្នា​នាំ​គ្នា​ខាំ​អណ្ដាត​របស់​ខ្លួន ព្រោះ​វេទនា​ខ្លាំង​ពេក។

11 គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ* ព្រោះ​តែ​ឈឺ​ចុក​ចាប់ និង​កើត​ដំបៅ​ពេញ​ខ្លួន។ ប៉ុណ្ណឹង​ហើយ ពួក​គេ​នៅ​តែ​មិន​កែ​ប្រែ​ចិត្ត​គំនិត លះ‌បង់​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នោះ​ឡើយ។

12 ទេវតា​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។

13 ខ្ញុំ​ឃើញ​វិញ្ញាណ​អាក្រក់​បី ដែល​មាន​រូប​រាង​ដូច​កង្កែប​មួយ​ចេញ​ពី​មាត់​នាគ មួយ​ចេញ​ពី​មាត់​សត្វ​តិរច្ឆាន និង​មួយ​ទៀត​ចេញ​ពី​មាត់​ព្យាការី​ក្លែង‌ក្លាយ

14 គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស។ វា​សម្តែង​ទី​សម្គាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែន‌ដី​ទាំង​មូល​ឲ្យ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់

15 («មើល៍! យើង​នឹង​មក​ដូច​ចោរ​ចូល​លួច។ អ្នក​ណា​ប្រុង​ស្មារតី ហើយ​មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ឥត​នៅ​អាក្រាត​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»)។

16 វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។