វិវរណៈ 16:2-8 KHSV

2 ទេវតា​ទី​មួយ​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​លើ​ផែន‌ដី ស្រាប់​តែ​អស់​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន ហើយ​ដែល​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា កើត​ដំបៅ​រលួយ ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។

3 ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​លើ​សមុទ្រ ស្រាប់​តែ​សមុទ្រ​ក្លាយ​ទៅ​ជា​ឈាម ដូច​ឈាម​ហូរ​ចេញ​ពី​សាក‌សព ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់​ទៅ។

4 ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។

5 ខ្ញុំ​ឮ​ទេវតា​ម្ចាស់​ទឹក​ពោល​ថា៖ «បពិត្រ​ព្រះ‌អង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ ហើយ​ទ្រង់​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន!

6 ដ្បិត​អ្នក​ទាំង​នោះ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន​ដ៏‌វិសុទ្ធ* និង​បង្ហូរ​ឈាម​ពួក​ព្យាការី* ព្រះ‌អង្គ​ឲ្យ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។

7 ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​អាសនៈ​មក​ថា៖ «ប្រាកដ​មែន! បពិត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌​ពិត​មែន​ហើយ!»។

8 ទេវតា​ទី​បួន​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះ‌អាទិត្យ ស្រាប់​តែ​ព្រះ‌អាទិត្យ​ទទួល​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ក្ដៅ​ក្រហល់​ក្រហាយ។