4 ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។
5 ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រព្រះអង្គដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និងមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយទ្រង់វិនិច្ឆ័យទោសដោយយុត្តិធម៌មែន!
6 ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
7 ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។
8 ទេវតាទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើឲ្យមនុស្សក្ដៅក្រហល់ក្រហាយ។
9 មនុស្សម្នាត្រូវរលាកដោយកម្ដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។
10 ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។