13 ស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នា គឺប្រគល់ឫទ្ធានុភាព និងអំណាចខ្លួន ទៅឲ្យសត្វតិរច្ឆាន។
14 ស្ដេចទាំងដប់ នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រ លើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះរួមជាមួយកូនចៀមដែរ»។
15 ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។
16 រីឯស្នែងទាំងដប់ដែលលោកបានឃើញ ព្រមទាំងសត្វតិរច្ឆាន នឹងនាំគ្នាស្អប់ស្ត្រីពេស្យានោះ ហើយធ្វើឲ្យនាងនៅស្ងាត់ជ្រងំទាំងសម្រាតនាងឲ្យនៅខ្លួនទទេ គេនឹងស៊ីសាច់នាង និងយកនាងទៅដុតក្នុងភ្លើងទៀតផង
17 ដ្បិតព្រះជាម្ចាស់បានបណ្ដាលឲ្យពួកគេមានចិត្ត ធ្វើតាមផែនការរបស់ព្រះអង្គ គឺមូលមតិគ្នាប្រគល់រាជសម្បត្តិទៅឲ្យសត្វតិរច្ឆាន រហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចគ្រប់ប្រការ។
18 រីឯស្ត្រីដែលលោកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។