4 ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើម និងកាមគុណដ៏ថោកទាបរបស់នាង។
5 នៅលើថ្ងាសនាងមានចារឈ្មោះមួយដ៏អាថ៌កំបាំង គឺ «មហានគរបាប៊ីឡូនជាម្ដាយរបស់ពួកស្ត្រីពេស្យា និងជាប្រភពនៃអំពើគួរឲ្យស្អប់ខ្ពើមនៅលើផែនដី»។
6 ខ្ញុំឃើញស្ត្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ* និងឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ត្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។
7 ទេវតាពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកឲ្យបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ត្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។
8 សត្វដែលលោកឃើញនោះ នៅសម័យដើម មានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។
9 ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃមករិះគិត ទើបយល់ ក្បាលប្រាំពីរសំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ត្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរអង្គដែរ។
10 ស្ដេចប្រាំអង្គបានធ្លាក់រាជ្យបាត់ទៅហើយ មួយអង្គទៀត កំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ទ្រង់នឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។