3 ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបាន ក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។
4 ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ត្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំឲ្យចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ
5 ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ ព្រះជាម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។
6 ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត បើគេប្រព្រឹត្តយ៉ាងណា ត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!
7 ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កម្រិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កម្រិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថា:“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
8 ហេតុនេះ គ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតព្រះជាអម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយឥទ្ធិឫទ្ធិ។
9 ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។