វិវរណៈ 19:6-12 KHSV

6 ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ហើយ

7 យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អង្គ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយា​ថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។

8 ព្រះ‌អង្គ​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុងរឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុងរឿង​នោះ​គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ ដែល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​បាន​ប្រព្រឹត្ត»។

9 ទេវតា*​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»។ បន្ទាប់​មក ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់​មែន»។

10 ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក ប៉ុន្តែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង‌ប្អូន​លោក ដែល​ជឿ​លើ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ! ដ្បិត​សក្ខីភាព​របស់​ព្រះ‌យេស៊ូ គឺ​វិញ្ញាណ​ដែល​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់»​។

11 បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ទ្រង់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។

12 ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះ‌អង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ