1 «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ នៅក្រុងអេភេសូ ដូចតទៅ៖ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា:
2 “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។
3 អ្នកមានចិត្តព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។
4 ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ដូចអ្នកមាន កាលពីដើមដំបូង។
5 ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្តគំនិត ហើយប្រព្រឹត្តអំពើដែលអ្នកធ្លាប់ប្រព្រឹត្ត កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយបើអ្នកមិនកែប្រែចិត្តគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងវាជាមិនខាន។
6 ក៏ប៉ុន្តែ យើងសរសើរអ្នកត្រង់កន្លែងមួយ គឺអ្នកស្អប់អំពើដែលពួកនីកូឡាសប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។
7 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ*ទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់ព្រះជាម្ចាស់”»។