វិវរណៈ 2:18-24 KHSV

18 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​ធាទេ‌រ៉ា ដូច​ត​ទៅ​នេះ៖ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌នេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះ‌បាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

19 “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ យើង​ដឹង​ថា អ្នក​មាន​ចិត្ត​ស្រឡាញ់ មាន​ជំនឿ ចេះ​បម្រើ​អ្នក​ដទៃ មាន​ចិត្ត​ព្យាយាម។ យើង​ដឹង​ទៀត​ថា អំពើ​ដែល​អ្នក​ប្រព្រឹត្ត​ថ្មីៗ​នេះ​មាន​ចំនួន​ច្រើន​លើស​មុន​ទៅ​ទៀត។

20 ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាកា‌រិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។

21 យើង​បាន​ទុក​ពេល​ឲ្យ​ស្ត្រី​នោះ​កែ​ប្រែ​ចិត្ត​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌​ដដែល។

22 ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើក‌លែង​តែ​គេ​កែ​ប្រែ​ចិត្ត ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។

23 យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ ក្រុម‌ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

24 ចំពោះ​អ្នក​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធាទេ‌រ៉ា ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ “សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង” ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ