វិវរណៈ 20:1-4 KHSV

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ចុះ​ពី​លើ​មេឃ ទាំង​កាន់​កូន​សោ​ស្ថាន​នរក​អវិចី និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ​ផង។

2 ទេវតា​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ ជា​មារ* និង​ជា​សាតាំង។

3 ទេវតា​បាន​បោះ​វា​ទៅ​ស្ថាន​នរក​អវិចី ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គម្រប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​ឲ្យ​វា​ល្បួង​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។

4 ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌យេស៊ូ និង​អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សម្គាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ​។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រិស្ដ​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។