វិវរណៈ 20:8-14 KHSV

8 ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​ឲ្យ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​ឲ្យ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

9 ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជា‌រាស្ដ្រ​ព្រះ‌ជា‌ម្ចាស់ ព្រម​ទាំង​ឡោម‌ព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។

10 រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

11 បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែន‌ដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។

12 ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។

13 សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​ទឹក​មក​វិញ សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

14 សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។