វិវរណៈ 21:7-13 KHSV

7 អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។

8 ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។

9 បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​កូន​ក្រមុំ​ជា​ភរិយា​របស់​កូន​ចៀម»។

10 ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់។

11 ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។

12 ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់‌ពីរ នៅ​លើ​ខ្លោង​ទ្វារ​មាន​ទេវតា​ដប់‌ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

13 នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។