1 «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំនៅក្រុងសើដេស ដូចតទៅនេះ៖ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។
2 ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្តមិនគ្រប់លក្ខណៈនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើងទេ។
3 ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮព្រះបន្ទូល ហើយប្រតិបត្តិតាម រួចកែប្រែចិត្តគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។
4 ក៏ប៉ុន្តែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នកពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។
5 ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។